លី​គ​កំពូល​កម្ពុជា​៖​ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល រកបាន​៣​ពិន្ទុ​ដូចគ្នា ខណៈ​ទ័ព និង​វិសាខា ចែកគ្នា​ម្នាក់​១​ពិន្ទុ

​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល សុទ្ធតែ​រកបាន​៣​ពិន្ទុ​ដូចគ្នា ខណៈ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​វិសាខា នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៥ ខែសីហា ឆ្នាំ​២០១៨ ក្នុង​សប្ដាហ៍​ទី​១៩ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

​ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​លទ្ធផល​១​ទល់​០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ កីឡាករ ប្រាក់ ធី​វ៉ា បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅក្នុង​ប្រកួត​នេះ​។

ចំណែក​ក្រុម​ណាហ្គា​វើ​ល បាន​បន្ត​កៅអី​កំពូល​តារាង​ក្រោយ​យកឈ្នះ​លើ​ក្រុម​សូល​ទី​ឡូ​អង្គរ ដោយ​លទ្ធផល​២​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ កីឡាករ​នី​ហ្សេ​រី​យ៉ា George Bisan បា​នរក​គ្រាប់​បាល់​២​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ​របស់​ណាហ្គា​វើ​ល​នេះ​។

ដោយឡែក​ក្រុម​ក្រសួងការពារជាតិ បាន​ប្រកួត​ស្មើគ្នា​២​ទល់​២ ជាមួយ​វិសាខា លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​។ កីឡាករ​កូរ៉េខាងត្បូង Na Hyo-sung បា​នរក​គ្រាប់​បាល់​ឲ្យ​ក្រុម​ក្រសួងការពារជាតិ នាំមុខ​២​គ្រាប់​មុន តែ​ត្រូវ​បាន​កីឡាករ​កូរ៉េខាងជើង Choe Myong-ho និង​Ri Hyok-chol បា​នរក​គ្រាប់​បាល់​ឲ្យ​វិសាខា តាម​ស្មើ​វិញ​។

ចំណែក​៣​ប្រកួត​ផ្សេងទៀត​ប្រចាំ​សប្ដាហ៍​ទី​១៩ នេះ​បន្ត​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែសីហា ឆ្នាំ​២០១៨ ដោយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រស្មី​កម្ពុជា ខណៈ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៅ​ម៉ោង​៣​រសៀល លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក CNCC និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ក្រុម​បឹងកេត នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ដែលមាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២​ជើង​មាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើន​ជាង​គេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *